Saturday, March 30, 2013

សម្ភោធអាគារសម្ភពមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង


           អគារ​សម្ភព​មួយ​ខ្នង ដែលជា​អំណោយ​របស់លោក សាលា​អង់​រី​កូ និង​សប្បុរសជន​ស្វ៊ី​ស ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការនៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៣​នេះ​។ អគារ​សម្ភព​នេះមាន​ទីតាំង​ស្ថិតនៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ដែលមាន​ការចូលរួម​ពី​លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប​, លោក​បណ្ឌិត លី ស៊ីណា ទីប្រឹក្សា​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន​, លោក សាលា​អង់​រី​កូ ម្ចាស់​អំណោយ និង​លោក យឹម ផាន់​ណា អភិបាលស្រុក​អន្លង់វែង​។ ​


​           លោក​សាលា​អង់​រី​កូ បាន​មានប្រសាសន៍ថា អគារ​សម្ភព​ថ្មី​ដែល​ផ្ដល់ជូន​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ចំណាយ​អស់​ទឹកប្រាក់​ចំនួន ៤៨.១២០​ដុល្លារ​។ នេះ​ជា​អគារសម្ភព​ទី​២ ដែល​ផ្ដល់​ដោយ​លោក​សាលា​អង់​រី​កូ និង​សប្បុរសជនជនជាតិ​ស្វ៊ីស​ដល់​ខេត្ដ​ឧត្ដរមានជ័យ​។ អគារ​សម្ភព​ទី​១ បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៣​កន្លងទៅ​។


​លោក​សាលា​អង់​រី​កូ បានឱ្យដឹង​ផងដែរ​ថា រហូតមកដល់​ពេលនេះ លោក​បានផ្ដល់​មណ្ឌល​សុខភាព​ចំនួន ១៣ កន្លែង ដល់​ខេត្ដ​សៀមរាប និង​អគារ​ពេទ្យ​ស្ថិតក្នុង​មន្ទីរពេទ្យបង្អែកជាង​១០​ខ្នង រួចមកហើយ​។


​           លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប បាន​មានប្រសាសន៍ថា នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយមិនអាច​កាត់ថ្លៃ​បាន ហើយ​មិនអាច​វាយ​តម្លៃ​បាន​ចំពោះ​ទឹក​ចិ​ត្ដ និង​ថវិកា​ដែល​លោក​សាលា​អង់​រី​កូ បាន​ជួយ​ដើម្បី​ទ្រទ្រង់នូវ​វិស័យ​សុខាភិបាល ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​អន្លង់វែង ក៏ដូចជា​នៅ​ស្រុក​ដទៃទៀត​ដែរ​។

​           លោក​ឧកញ៉ា សៀង ណាំ បាន​ថ្លែងថា លោក​សាលា​អង់​រី​កូ គឺជា​សប្បុរសជនជនជាតិ​ស្វ៊ីស​មួយរូប ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ជាច្រើន ជាពិសេស​លោក​បានធ្វើកា​រ​អំពាវនាវទៅ​សប្បុរសជនជនជាតិ​ស្វ៊ីស​ដទៃទៀត ដើម្បី​យក​ថវិកា​ជួយ​កសាង​អគារសិក្សា ជាពិសេស​មណ្ឌល​សុខភាព​, អគារ​មន្ទីរពេទ្យ ដើម្បី​បម្រើឱ្យ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​៕


លោក សៀង ណាំ​, លោក សាលា​អង់​រី​កូ​, លោក លី ស៊ីណា កាត់​ខ្សែបូរ​សម្ភោ​ធ​អគារ​សម្ភព នៅ មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​