អគារសម្ភពមួយខ្នង ដែលជាអំណោយរបស់លោក សាលាអង់រីកូ និងសប្បុរសជនស្វ៊ីស ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣នេះ។ អគារសម្ភពនេះមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ដែលមានការចូលរួមពីលោកឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រមណ្ឌលសៀមរាប, លោកបណ្ឌិត លី ស៊ីណា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន, លោក សាលាអង់រីកូ ម្ចាស់អំណោយ និងលោក យឹម ផាន់ណា អភិបាលស្រុកអន្លង់វែង។
លោកសាលាអង់រីកូ បានមានប្រសាសន៍ថា អគារសម្ភពថ្មីដែលផ្ដល់ជូនមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ចំណាយអស់ទឹកប្រាក់ចំនួន ៤៨.១២០ដុល្លារ។ នេះជាអគារសម្ភពទី២ ដែលផ្ដល់ដោយលោកសាលាអង់រីកូ និងសប្បុរសជនជនជាតិស្វ៊ីសដល់ខេត្ដឧត្ដរមានជ័យ។ អគារសម្ភពទី១ បានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣កន្លងទៅ។
លោកសាលាអង់រីកូ បានឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះ លោកបានផ្ដល់មណ្ឌលសុខភាពចំនួន ១៣ កន្លែង ដល់ខេត្ដសៀមរាប និងអគារពេទ្យស្ថិតក្នុងមន្ទីរពេទ្យបង្អែកជាង១០ខ្នង រួចមកហើយ។
លោកឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រមណ្ឌលសៀមរាប បានមានប្រសាសន៍ថា នេះគឺជាសមិទ្ធផលថ្មីមួយមិនអាចកាត់ថ្លៃបាន ហើយមិនអាចវាយតម្លៃបានចំពោះទឹកចិត្ដ និងថវិកាដែលលោកសាលាអង់រីកូ បានជួយដើម្បីទ្រទ្រង់នូវវិស័យសុខាភិបាល ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងស្រុកអន្លង់វែង ក៏ដូចជានៅស្រុកដទៃទៀតដែរ។
លោកឧកញ៉ា សៀង ណាំ បានថ្លែងថា លោកសាលាអង់រីកូ គឺជាសប្បុរសជនជនជាតិស្វ៊ីសមួយរូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើន ជាពិសេសលោកបានធ្វើការអំពាវនាវទៅសប្បុរសជនជនជាតិស្វ៊ីសដទៃទៀត ដើម្បីយកថវិកាជួយកសាងអគារសិក្សា ជាពិសេសមណ្ឌលសុខភាព, អគារមន្ទីរពេទ្យ ដើម្បីបម្រើឱ្យសេវាសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា៕

លោក សៀង ណាំ, លោក សាលាអង់រីកូ, លោក លី ស៊ីណា កាត់ខ្សែបូរសម្ភោធអគារសម្ភព នៅ មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង


No comments:
Post a Comment